ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យបានបង្ហាញថា តម្លៃអចលនទ្រព្យលំនៅដ្ឋានជាមធ្យមនៅទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានកើនឡើង៣,៣ភាគរយដល់ទំហំទឹកប្រាក់ចំនួន៥១៥,៤៥ដុល្លារក្នុងមួយហ្វីតការ៉េក្នុងខែកក្កដាបើធៀបនឹងខែមិថុនា ឬស្មើនឹង៥.៥៤៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Betterhomes បានរាយការណ៍ឱ្យដឹងនាពេលថ្មីៗនេះថា តម្រូវការលំនៅដ្ឋាននៅទីក្រុងឌូបៃបានកើនឡើងប្រកបដោយនិរន្តរភាព ទាំងការលក់ និងការជួលកាលពីខែកក្កដាកន្លងមក។
ការលក់លំនៅដ្ឋានសរុបបានហក់ឡើង២០,៥ភាគរយដល់ចំនួន១៨.៨១៦យូនីតកាលពីខែកក្កដាបើធៀបនឹងខែមិថុនា ដែលមានតម្លៃជាទឹកប្រាក់សរុបជិត១៤ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Khaleej Times។
គម្រោងផ្ទះវីឡា ដែលលក់ដាច់ជាងគេ រួមមាន គម្រោង The Wilds គម្រោង Grand Polo Club & Resort និងគម្រោង The Oasis ខណៈដែលគម្រោង Jumeirah Village Circle គម្រោង Business Bay និងគម្រោង Damac Riverside បាននាំមុខគេលើការលក់អាផាតមុិន។
តម្លៃអាផាតមុិនជាមធ្យមនៅទូទាំងទីក្រុងឌូបៃមានទំហំទឹកប្រាក់ប្រមាណ៥៤១.៨៦៥ដុល្លារ ខណៈតម្លៃផ្ទះ Townhouse ជាមធ្យមមានទំហំទឹកប្រាក់ចំនួន៨៨៤.៩៥៦ដុល្លារ។ចំណែក ផ្ទះវីឡាមានតម្លៃជាមធ្យមចំនួន២,៦លានដុល្លារ។
លោកស្រី Chirine El Sebai អ្នកជំនាញមកពីក្រុមហ៊ុន Betterhomes បានអះអាងថា ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃ នៅតែមានស្ថានភាពរឹងមាំ ដែលបង្ហាញថា ជនបរទេសជឿជាក់លើកំណើនសក្តានុពលរយៈពេលវែងរបស់ទីក្រុងមួយនេះ៕ប្រភព: Khaleej Times៕