ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ប្រទេសឥណ្ឌូនេស៊ីអាចរកប្រាក់ចំណូលបន្ថែមបានចំនួនជាង៨១ទ្រីលានរូពៀ (ប្រមាណ៥ពាន់លានដុល្លារ) តាមរយៈការដាក់ពន្ធលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋីធំជាងគេបំផុតទាំង៥០រូប។នេះបើយោងតាមការចុះផ្សាយដោយកាសែត Jakarta Globe។
ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលសិក្សាសេដ្ឋកិច្ច និងច្បាប់ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីហ្សាការតា (Celios) របស់ប្រទេសឥណ្ឌូនេសុី។
មជ្ឈមណ្ឌល Celios បានប៉ាន់ប្រមាណថា មនុស្សប្រមាណ២២.០០០នាក់ក្នុងប្រទេសឥណ្ឌូនេស៊ីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា “អ្នកមានលំដាប់កំពូល”ឬ“Super-rich”។ ពួកគេអាចចូលរួមចំណែកដល់ការជំរុញប្រាក់ចំណូលរបស់រដ្ឋ តាមរយៈការបង់ពន្ធលើទ្រព្យសម្បត្តិ។
លោក Wahyudi Askar នាយកទទួលបន្ទុកលើគោលនយោបាយសាធារណៈរបស់មជ្ឈមណ្ឌល Celios បានប៉ាន់ប្រមាណថា “ការកំណត់អត្រាពន្ធលើទ្រព្យសម្បត្តិក្នុងរង្វង់២ភាគរយលើអ្នកមានលំដាប់កំពូលចំនួន៥០រូប ក្នុងប្រទេសឥណ្ឌូនេស៊ី នឹងអាចបង្កើតប្រាក់ចំណូលប្រមាណ៨១,៦ទ្រីលានរូពៀ”។
យោងតាមមជ្ឈមណ្ឌល Celios បានឱ្យដឹងបន្តថា ក្រុមអ្នកមានលំដាប់កំពូលទាំង៥០រូបនោះមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន (Personal asset) ចាប់ពី១៥ទ្រីលានរូពៀ ព្រមទាំងមានទំហំទ្រព្យសម្បត្តិសុទ្ធជាមធ្យម (net worth) ចំនួន១៥៩ទ្រីលានរូពៀ។
លោក Wahyudi បានគូសបញ្ជាក់បន្ថែមថា “ការកំណត់ពន្ធលើទ្រព្យសម្បត្តិនឹងមិនត្រឹមតែអាចផ្តល់នូវលំហូរប្រាក់ចំណូលបន្ថែមសម្រាប់រដ្ឋប៉ុណ្ណោះទេ។ ការណ៍នេះថែមទាំងជួយលើកកម្ពស់សមធម៌សង្គមផងដែរ”៕ប្រភព: Jakarta Globe៕