ដោយៈ គង់ សូរិយា
ភ្នំពេញៈ លទ្ធផលនៃយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ គឺបានឈានដល់ការបញ្ចប់ លើក្បាលដីសរុបក្បាលដីចំនួនជិត៩លានក្បាល និងក្បាលដីមិនទាន់វាស់វែង សរុបចំនួន១១ម៉ឺនក្បាលដី។
លទ្ឋផលនេះ បានធ្វើឲ្យកម្ពុជាឈានមកដល់ចំណុចមួយ ដែលត្រូវចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ ហើយនឹងឈានទៅរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបង្ហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងក្នុងកិច្ចប្រជុំការងាររបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិកាលពីសប្តាហ៍មុនថា នេះគឺជារបត់មួយក្រោយរយៈពេល៤០ឆ្នាំ ដែលយើងបានចាប់ផ្ដើមចេញបណ្ណសម្គាល់ម្ចាស់ អចលនវត្ថុលើកទីមួយនាឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៩ យើងនឹងប្រារព្ធខួបលើកទី៤០ ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋ។
តាមរយៈយន្តការដោះស្រាយបញ្ចប់វិវាទដីធ្លី ករណីបណ្តឹង វិវាទដីធ្លី ដែលមានសរុបចំនួន៣,៥៤៩ករណី ក្នុងឆ្នាំ២០២៣ ត្រូវបានពិនិត្យ និងដោះស្រាយនៅសល់ត្រឹម៣៨៥ករណីប៉ុណ្ណោះ ហើយនឹងបន្តដោះស្រាយ បើទោះជាមានការប្រឈម នឹងស្ថានភាពនៃការឈ្លាន ពានពីកងទ័ពថៃមកលើកម្ពុជា តាមបណ្ដោយព្រំដែនយ៉ាងណាក្តី។
លោកសាយ សំអាល់បានបញ្ជាក់ថា “លទ្ធផលនៃការចុះបញ្ជីដីធ្លី បង្ហើយនេះគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា មិនមែន សម្រាប់តែក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នោះឡើយ”។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការដោះស្រាយបញ្ចប់វិវាទដីធ្លី និងការចុះបញ្ជីដីធ្លី បង្ហើយគឺជាវិធានមួយក្នុងការបង្កើតបរិយាកាសគ្មានវិវាទ ដោយប្រើយុទ្ធសាស្ត្រនៃការសំអាត កែតម្រូវនិងកែសម្រួល រួមនិងយុទ្ធសាស្ត្រផ្សេងៗជាច្រើនទៀត។
ដោយឡែកចំពោះ ប្លង់គោលនៃការប្រើប្រាស់ដី នឹងត្រូវប្រគល់ជូនអាជ្ញាធរខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីរាជធានីខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការរៀបចំទីក្រុង ទីប្រជុំជន អោយបានល្អ មានលំហសាធារណៈ និងមានសណ្តាប់ធ្នាប់ របៀបរៀបរយត្រឹមត្រូវ សំដៅបង្កើនគុណភាពជីវិតរស់នៅ របស់ប្រជាពលរដ្ឋ ដោយប្រែក្លាយទីក្រុងនិងទីប្រជុំជន នៅតាម បណ្ដាខេត្តនានាទូទាំងប្រទេសឲ្យទៅជាបុរីជនបទ និងជាភូមិឋានក្សេមក្សាន្ត ឆ្លើយតបទៅនឹងគោលបំណងរបស់ ប្រមុខរាជរដ្ឋាភិបាល៕