ដោយៈ គង់ សូរិយា
ភ្នំពេញៈ តាមរយៈវប្បធម៌សន្ទនា ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពង្រួបពង្រួម និងផ្សះផ្សារ ដើម្បីបញ្ចប់វិវាទជូន បងប្អូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី នៅទីតាំងដីក្នុងភូមិសាស្ត្រភូមិគិរីវន្ត និងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (ពីគីឡូម៉ែត្រលេខ១៥០ ដល់គីឡូម៉ែត្រលេខ១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤)។
លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចូលរួមជាអធិបតីដោះស្រាយវិវាទនេះបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៤ សីហាកន្លងមកនេះ។
តាមរយៈការសម្របសម្រួលនេះ គូភាគី បានស្រុះស្រួលទទួលយកការដោះស្រាយ ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ចូលរួម និងសហការ ដើម្បីប្រែក្លាយពីទីតាំងមានទំនាស់ ទៅជាដីដែលមានសក្តានុពល និងមានគុណតម្លៃសេដ្ឋកិច្ច (កាន់កាប់ស្របច្បាប់ រស់នៅស្រួល ប្រកបរបរចិញ្ចឹមជីវិតបាន តាមការរៀបចំនគរូបនីយកម្មទំនើប និងជាទំនុកចិត្តដល់កូនចៅជំនាន់ក្រោយ)។
ករណីនេះ ក៏បានបង្ហាញឱ្យឃើញនូវដំណោះស្រាយ សម្រាប់វិវាទប្រភេទអ្នកមានប័ណ្ណអត់ដី និងអ្នកមានដីអត់ប័ណ្ណ៕