ការចំណាយលើការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោកើនដល់ប្រមាណ២០០០លានដុល្លារ ស្របពេលព្រលាននេះនឹងបើកដំណើរការនៅថ្ងៃទី៩ កញ្ញាខាងមុខ

0

ដោយៈ គង់ សូរិយា

    កណ្តាលៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ វិស័យឯកជន មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកផលិតមាតិកាទេសចរណ៍ប្រមាណ ៣០០នាក់ អញ្ជើញធ្វើដំណើរទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅ ដ៏ល្អប្រណិតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោក មកកាន់ព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ  និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។

ថ្លែងក្នុងឱកាសនោះដែរ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ២០០០លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង២៦០០ហិកតា។

ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទAirbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here