ដោយ: គង់ លាងហួរ
ភ្នំពេញ: ទីក្រុងព្រះសីហនុ ដែលជាទីក្រុងឆ្នេរសមុទ្ររបស់កម្ពុជា ជាតំបន់កំពង់ផែទឹកជ្រៅធំបំផុតតែមួយគត់ និងដើរតួជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្ម។ ទីក្រុងនេះក៏សម្បូរទៅដោយរោងចក្រផលិតកម្ម ឧស្សាហកម្ម និងជាគោលដៅទេសចរណ៍ផងដែរ។
ជាមួយគ្នានេះ វិស័យអចលនទ្រព្យនៅទីក្រុងព្រះសីហនុបានបន្តបង្ហាញសញ្ញានៃការងើបឡើងវិញក្នុងឆមាសទី១ ឆ្នាំ២០២៥ បន្ទាប់ពីបានដាំក្បាលចុះយ៉ាងឆាប់រហ័សរវាងឆ្នាំ២០២០ និងឆ្នាំ២០២៤។
ខាងក្រោមនេះជាទិដ្ឋភាពទូទៅរបស់ផ្នែកនីមួយៗក្នុងទីផ្សារអចលនទ្រព្យក្នុងទីក្រុងព្រះសីហនុ៖
ទី១: លំនៅដ្ឋាន
យោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ គេសង្កេតឃើញមានគម្រោងខុនដូតែមួយគត់ ដែលត្រូវបានបើកសម្ពោធក្នុងក្រុងព្រះសីហនុ ដែលមានឈ្មោះថា “Time Square 10 Ocean View”។
អគារខុនដូជាប់មាត់សមុទ្រថ្មីនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន MegaKim World Corp. Ltd. ដែលជាផ្នែកមួយនៃផលបត្រគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះនៅប្រទេសកម្ពុជា។
គម្រោងខាងលើមានអគារខុនដូចំនួន៣ ដែលមានខុនដូសរុបចំនួន១.០០០យូនីត និងមានទីតាំងនៅឆ្នេរអូរត្រេះ ដោយគ្រោងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ២០២៩។ បន្ទាប់ពីបានបើកសម្ពោធនៅដើមត្រីមាសទី២ ខុនដូក្នុងគម្រោងនេះត្រូវបានលក់ដាច់ស្ទើរទាំងអស់ ដោយសារគម្រោងមានទីតាំងអំណោយផល និងតម្លៃប្រកួតប្រជែង។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ខុនដូនៅក្រុងព្រះសីហនុមានតម្លៃជាមធ្យមប្រហែល២.០៧៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងឆមាសទី១ ខណៈលំនៅដ្ឋានបែបបុរីមានតម្លៃជាមធ្យមប្រហែល២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ទី២: ការិយាល័យ
ការបន្តកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅកាន់វិស័យផលិតកម្ម រួមជាមួយនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនានា បានជំរុញឱ្យមានសក្តានុពលថ្មីសម្រាប់ការអភិវឌ្ឍន៍អគារការិយាល័យក្នុងក្រុងព្រះសីហនុ។
គិតត្រឹមឆមាសទី១ ការផ្គត់ផ្គង់ការិយាល័យនៅក្នុងទីក្រុងព្រះសីហនុមានទំហំផ្ទៃក្រឡាសរុបចំនួន១៩២.៣៩០ម៉ែត្រការ៉េ។ក្នុងនោះ ចំនួន៨១ភាគរយនៃការផ្គត់ផ្គង់ការិយាល័យសរុបនាពេលបច្ចុប្បន្ននៅក្រុងព្រះសីហនុត្រូវបានប្រមូលផ្តុំនៅក្នុងសង្កាត់លេខ៣។
ទី៣: សណ្ឋាគារ
ទីផ្សារសណ្ឋាគារនៅក្រុងព្រះសីហនុកំពុងមានការប្រែប្រួលយ៉ាងខ្លាំង ស្របពេលមានការឈានជើងចូលពីបណ្តាក្រុមហ៊ុនសណ្ឋាគារអន្តរជាតិថ្មីៗ។ នេះជាសញ្ញាវិជ្ជមានចំពោះអនាគតសម្រាប់វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។
គិតត្រឹមឆមាសទីមួយ ការផ្គត់ផ្គង់សណ្ឋាគារនៅក្រុងព្រះសីហនុមានចំនួន១២.២៤៣បន្ទប់ ស្របពេលមានការហូរចូលនៃក្រុមហ៊ុនបដិសណ្ឋាកិច្ចល្បីៗ ដូចជា ក្រុមហ៊ុនអាល្លឺម៉ង់ Tui Blue និងក្រុមហ៊ុន HMD Asia។ សណ្ឋាគារភាគច្រើនក្នុងក្រុងព្រះសីហនុមានទីតាំងនៅសង្កាត់លេខ៤ និងលេខ៣។
គិតចាប់ពីខែមករាដល់ខែឧសភា អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុបានស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ២១.១៩០នាក់។តួលេខនេះមានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងចំនួនភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៦.០៥៨នាក់ក្នុងឆ្នាំ២០២៤៕ប្រភព: Knight Frank៕