តើតម្លៃមាសមានការប្រែប្រួលបែបណានៅថ្ងៃនេះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈបណ្តាអ្នក​វិនិយោគ​កំពុងផ្តោត​លើ​កិច្ច​ប្រជុំ​រវាងប្រធានាធិបតី​សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ជាមួយ​ថ្នាក់ដឹកនាំ​នៃប្រទេសអ៊ុយក្រែន និង​សហភាពអឺរ៉ុប(EU) ដើម្បីតាមដានស្ថានការណ៍ភូមិសាស្ត្រនយោបាយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១១ភាគរយដល់៣.៣៣៤ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៣៣០,២៤ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។

ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៥ភាគរយមកនៅត្រឹម៣៣៧៦,២០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៩នាទីព្រឹកដូចគ្នា។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៣,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,១៩ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៨,១៦ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here