ដោយៈ ម៉ាណា
ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា នឹងកើន២៨៩៦ដុល្លារ នៅឆ្នាំ២០២៥ដល់ចំនួន៣០៧១ដុល្លារ ក្នុងមនុស្សម្នាក់នៅឆ្នាំ២០២៦ខាងមុខ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់កាលពីសប្តាហ៍មុនថា “អត្រាកំណើនពិតនៃរសេដ្ឋកិច្ចខាងលើបានធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្ន បន្តកើនដល់ ២០៦,៣៩៦ ប៊ី(ពាន់)លានរៀល និង២២១,៦៦៩ ប៊ី(ពាន់)លានរៀលក្នុងឆ្នាំ ២០២៥ និង២០២៦រៀងគ្នា ស្របពេលដែលផសសសម្រាប់មនុស្សម្នាក់ បន្តកើនឡើងដល់ប្រមាណ២៨៩៦ ដុល្លារអាមេរិក និង៣០៧១ដុល្លារអាមេរិក។
ក្រសួងលើកឡើងទៀតថា ក្នុងរយៈពេលមធ្យមខាងមុខ(២០២៧-២០២៨), សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថាចាប់ផ្ដើមងើប ឡើងវិញសន្សឹមៗ ក្នុងអត្រាកំណើនជាមធ្យមប្រមាណ៥,៦% ដោយសារការរំពឹងទុកការងើបឡើងវិញជាបណ្តើរៗ នៃវិស័យបម្រើការនាំចេញ គួបផ្សំនឹងការកែតម្រូវជាបន្តបន្ទាប់ (Adjustment)នៃទីផ្សារ ទាំងការនាំចេញរបស់កម្ពុជាក្នុងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការពង្រីកទីផ្សារថ្មី ក្រៅពីទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាការបន្សំខ្លួនបានទៅនឹងវិបត្តិ/ ផលប៉ះពាល់នៃបណ្តាវិស័យសេដ្ឋកិច្ច ក៏ដូចជាអាជីវកម្មទូទៅ។
តើប្រជាជនកម្ពុជា ពិតជាមានកំណើនប្រាក់ចំណូលពិតឬទេ? សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជាប្រចាំរាជបណ្ឌិតសភាកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា តាមពិតចំណូលប្រជាជនយើងកើនឡើងហើយ ដោយការគណនារបស់សេដ្ឋវិទូ គឺគេដូរថ្លៃទំនិញ ដែលតួលេខកន្លងមកគឺគេគណនាតាំងពីឆ្នាំ២០០០ ដែលពេលនោះប្រជាជនកម្ពុជា លក់គុយទាវមួយចាន៣៥០០រៀល តែឥលូវលក់មួយចាន១ម៉ឺនរៀល អញ្ចឹងបើប្រជាជនលក់ គុយទាវមួយថ្ងៃបាន១០០ចានដូចគ្នា គឺពីមុនលក់បានតែ៣៥ម៉ឺនរៀល តែឥលូវគុយទាវ១០០ចានដូចគ្នា លក់បាន១លានរៀលក្នុងមួយថ្ងៃ។
លោកបញ្ជាក់ថា “យើងមិននិយាយពីកំណើនទេ យើងនិយាយពីសាច់ប្រាក់ ដូចគ្នាបើប្រជាជនធ្វើការរោងចក្រ មួយខែបាន២០០ដុល្លារ ក្នុងមួយឆ្នាំគាត់អាចរកចំណូល បានជិត៣០០០ដុល្លារក្នុងមួយខែទៅហើយ។ នេះហើយគេហៅចំណូលមធ្យម”៕